ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលម៉ាស៊ីនសម្លាប់មេរោគ និងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគជាច្រើនគ្រឿង ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ផ្ដល់ដោយលោក Shaun Walts
តំណាងសប្បុរសជនដាប់ប៊ែលយូខេអិល អេកូអុីស ឥណ្ឌូឆាយណា ខណៈដែលជំងឺ នេះមិនទាន់សាបរលាបចេញពីរាជធានីភ្នំពេញនៅឡើយ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោកនួន ផារ័ត្ន ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះលោកនាយក និងលោកប្រធានប្រតិបត្តិ ដែលបានឧបត្ថម្ភម៉ាស៊ីនសម្លាប់រោគ (e-COND life Air-Sanitizer)ចំនួន៥គ្រឿង, ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន៤ដប, ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ Qcov(air sanitizing humidifier)ចំនួន៤គ្រឿង, ថ្នាំសម្លាប់មេរោគ (INC16K disinfectant solutions) ចំនួន៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។
លោក នួន ផារ័ត្ន បានបន្តថា៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ ។ សមានចិត្តដ៏ប្រពៃនេះនឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ដោយ៖ សំរិត