ខេត្តព្រះសីហនុ៖ ក្រសួងមហាផ្ទៃចេញប្រកាស ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ គឺលោក សូ ជុងហូរ ឡើងជា ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុជំនួស លោក ជាម ហ៊ីម។
នេះបើយោងតាមប្រកាស ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងមហាផ្ទៃប្រកាស សម្រេច:
ប្រការ១…ផ្លាស់ប្តូរលោក ជាម ហ៊ីម លំដាប់លេខរៀងទី១ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង។
ប្រការ ២…ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖
១- លោក សូ ជុងហូរ លំដាប់លេខរៀងទី២ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ ជំនួសលោក ជាម ហ៊ីម។
២- លោក ណុប ហេង លំដាប់លេខរៀងបម្រុងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិក ក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហូរ។
ប្រការ ៣…ក្នុងការអនុវត្តការងារលោក សូ ជុងហូរ និងលោក ណុប ហេង ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។
ប្រការ ៤…រយៈពេលនៃការបំពេញការងារ ស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ លើកលែង តែសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាតាមច្បាប់កំណត់។
ប្រការ ៥ …បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៦…អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖សុខ ខេមរា