ព័ត៌មានទាន់ហេតុការណ៍៖

WHO ៖ មានពលរដ្ឋអឺរ៉ុបតែ ៥៤%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូស

ចែករំលែក៖

WHO៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា អឺរ៉ុបកំពុងតែដើរថយក្រោយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងនោះហើយអាចធ្វើឱ្យអ្នកស្លាប់នៅក្នុងតំបន់នេះកើនឡើងខ្ពស់។
អគ្គនាយក WHO ប្រចាំនៅតំបន់អឺរ៉ុបលោក Robb Butler បានលើកឡើងថា មានពលរដ្ឋទើបតែ៥៤%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ១ពាន់លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ ទាំងនោះបានបង្កផលលំបាកយ៉ាងខ្លាំងដល់រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុបក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩»។
បច្ចុប្បន្នអឺរ៉ុបមានករណីស្លាប់ដោយកូវីដ-១៩ជាង១,៥លាននាក់ និងឆ្លងរាលដាលជាង ៨១,៤លាននាក់ ។ អង្គការសុខភាពពិភពលោកបានព្រមានថា នៅពេលខាងមុខអឺរ៉ុបអាចនឹងមានករណីស្លាប់បន្ថែម ៧សែននាក់ទៀត ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អង្គការសុខភាពពិភពលោក (WHO) បានប្រកាស ថា វ៉ាក់សាំងបង្ការ COVID-19 ទាំងឡាយ អាចកាត់បន្ថយការឆ្លងមេរោគបំប្លែងខ្លួន Delta បានក្នុងរង្វង់ ៤០% ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានថ្លែងថា ប្រជាជនជាច្រើនដែលបានចាក់វ៉ាក់សាំងរួចកំពុងគិតថាវ៉ាក់សាំងអាចការពារពួកគេបាន ហើយពួកគេមិនចាំបាច់ត្រូវការអនុវត្តវិធានការការពារខ្លួនអ្វីទៀតនោះឡើយ។
អគ្គនាយក WHO រូបនេះ បានជំរុញឲ្យអ្នកដែលបានចាក់វ៉ាក់សាំងរួចនៅទូទាំងពិភពលោកត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងរោគ ហើយចម្លងបន្តទៅកាន់អ្នកដទៃ។ លោក Tedros បានសង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាត្រូវតែយល់ដឹងអំពីឥទ្ធិពលនៃវីរុសបំប្លែងខ្លួន Delta ហើយទិន្នន័យថ្មីខាងលើនេះពិតជាបង្ហាញថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពទាំងស្រុង ដើម្បីការពារអ្នកមិនឲ្យឆ្លងវីរុសនេះឡើយ។
បើតាមការប្រៀបធៀបទិន្នន័យពី WHO, នៅមុនការមកដល់នៃវីរុស Delta វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងរាតត្បាត COVID-19 បានរហូតដល់ទៅ ៦០% ឯណោះ។ ក៏ប៉ុន្តែនៅពេលវីរុសបំប្លែងខ្លួន Delta នេះចាប់ផ្តើមលេចវត្តមាន និងរាតត្បាតខ្លាំងឡើង ប្រសិទ្ធភាពរបស់វ៉ាក់សាំងជារួម បានថមថយមកនៅត្រឹម ៤០% ប៉ុណ្ណោះ៕ ដោយ៖ធីរីណា

រូបថត៖TTXVN-VNA

រូបថត៖AP


ចែករំលែក៖