ខេត្តស្ទឹងត្រែង ៖ ច្រើនណាស់ ! គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបានរត់គេចខ្លួនអស់។
សូមបញ្ជាក់ថា, គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានជនសង្ស័យមួយក្រុមលួចដឹកតាមទន្លេមេគង្គពីប្រទេសឡាវចូលមកកម្ពុជា។
នៅវេលាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលកម្លាំងនគរបាលការពារព្រំដែនកំពុងចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញកាណូតមួយគ្រឿងបើកពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូលមកទឹកដីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ នេះគឺការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចការពារព្រំដែនបានអោយដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សមត្ថកិច្ចបន្តថា, នៅលើកាណូតនោះឃើញមានផ្ទុកទំនិញនៅក្នុងបាវជាច្រើន។
ដោយសង្ស័យជាទំនិញគេចពន្ធ កម្លាំងនគរបាលក៏បានបើកកាណូតដេញតាមឱ្យឈប់ដើម្បីត្រួតពិនិត្យ។ រហូតដល់ចំណុចកោះល្ង ភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ជនល្មើសបានបើកកាណូតបុកច្រាំង ហើយនាំគ្នារត់គេចខ្លួនបាត់អស់។ កម្លាំងនគរបាលក៏បានឆែកឆេរទំនិញនៅក្នុងការ៉ុងនោះ ក៏ស្រាប់ឃើញសុទ្ធតែជាថ្នាំញៀនទាំងអស់។
ប្រភពដដែលបានបន្តថា, សមត្ថកិច្ចបានពិនិត្យឃើញមានគ្រឿងញៀនចំនួន១៧០ដុំ ស្មើនឹងប្រហែល១៧០គីឡូក្រាម។ បន្ទាប់មកក៏នាំមកកាន់បញ្ជាការដ្ឋានកងវរការពារព្រំដែន និងបន្តរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ហើយបានបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់តែម្ដង។
សូមជម្រាបជូនថា, នេះគឺជាការបង្ក្រាបក្នុងទ្រង់ទ្រាយគ្រឿងញៀនដ៏ធំដែលតែងតែកើតមាននៅខេត្តស្ទឹងត្រែង បានជាបន្តបន្ទាប់ ។
សង្ឃឹមថាសមត្ថកិច្ចនឹងព្យាយាម ស្រាវជ្រាវរកមេខ្លោងនៃបទល្មើសគ្រឿងញៀននេះមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សិលា