ខេត្តកែប៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ដោយមានការចូលរួមផ្ទាល់ និងអនឡាញ (Hybrid) ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីវៀតណាមដែលដឹកនាំដោយ លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ភាគីកម្ពុជា-វៀតណាមចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងការបើក និងស្តារឡើងវិញនៃវិស័យទេសចរណ៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានពិនិត្យឡើងវិញលើផែនការសកម្មភាពមួយចំនួន ដែលបានឯកភាពគ្នាអនុវត្តនាកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី១ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ប្រទេសប្រ៊ុយណេដារូស្សាឡឹម កន្លងមក។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាមួយចំនួនដូចខាងក្រោម៖
១. ជំរុញឲ្យមានការចាប់ផ្តើមហោះហើរឡើងវិញរវាងកម្ពុជា និងវៀតណាម និងបន្តពិចារណារលើការជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកនៅពេលដែលអាជ្ញាធរនៃប្រទេសទាំងពីរបើកព្រំដែនឡើងវិញ។
២. ធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ នៅព្រឹត្តិការណ៍អន្តរជាតិនានា និងពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា៖កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍។ បន្ថែមលើនេះ កម្ពុជាក៏បានស្នើធ្វើកម្មវិធីនេះក្នុងព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃផងដែរ។
៣. រួមគ្នាជំរុញទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-19ពេញលេញរវាងប្រទេសទាំងពីរ និងប្រទេសទី៣ ដោយធានានូវយន្តការសុវត្ថិភាពនានា និងការផ្លាស់ប្តូរពត៌មានទៅវិញទៅមក។
៤. កម្ពុជាស្វាគមន៍ និងអរគុណវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តួចផ្តើមលើការកំណត់ការងារអនុវត្តសម្រាប់ប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម នៃផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ២០២០-២០២៥ ចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០។
៥. វៀតណាមនឹងផ្សព្វផ្សាយក៏ដូចជាជំរុញដល់ផ្នែកសាធារណៈ និងឯកជនរបស់ខ្លួនឲ្យចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។
៦. ជំរុញលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។
៧. ជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរពិចារណាលើការតភ្ជាប់រវាងកំពង់ផែទេសចរណ៍អន្តរជាតិកម្ពុជា និងកោះទេសចរណ៍មួយចំនួនរបស់វៀតណាម ក៏ដូចជាទេសចរណ៍នាវាតាមទន្លេមេគង្គផងដែរ ។
និង៨. សហការ និងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។
ជាកិច្ចបញ្ចប់ ភាគីវៀតណាមបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយផ្ទាល់ឲ្យខានតែបាន និងបញ្ជាក់ពីការជំរុញធ្វើយ៉ាងណាឲ្យផែនការសកម្មភាពរួមដែលបានព្រមព្រៀងគ្នានាកិច្ចប្រជុំនេះ បានអនុវត្តចេញជាលទ្ធផលផ្លែផ្កាពិតប្រាកដ ដែលចាប់ផ្តើមពីឆ្នាំ2022 តទៅ៕
ដោយ៖សហការី