ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសិកា ស ស៊ន់

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ស ស៊ន់ នារសៀលថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ 

សូមបញ្ជាក់ថា, ឧបាសិកា ស ស៊ន់ បានទទួលមរណភាពកាលពីថ្ងៃពុធ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។ ឧបាសិកា ស ស៊ន់ (ត្រូវជាបងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង) ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានចួលរួមរំលែកទុក្ខជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីរន្ធត់ ក្តុកក្តួល ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឧបាសិកា ស ស៊ន់ ដែលជាការបាត់បង់នូវបងស្រី ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហាធម៌ ដែលមួយជីវិតរបស់ឧបាសិកា បានខិតខំកសាងអំពើល្អ និងជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាមួយរូប ។ 

នៅក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ស ស៊ន់ ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖