ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជូនអាវរងាអ្នកធាក់ស៊ីក្លូ ៣០០នាក់ និងថវិកា៥ម៉ឺនរៀល អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖  បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣០០ នាក់ទទួលបានអំណោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកាមួយចំនួនថែមទៀត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាង មុខនេះ។

   ការផ្តល់អំណោយទាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨វិច្ឆិកាឆ្នាំ ២០២១ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រីនៅសាលារាជធានីភ្នំពេញ។

   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកនេះ ពោលគឺក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណ:អាកាសធាតុនឹងចុះត្រជាក់នៅពេលខាងមុខនេះ។

   អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញនិងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានផ្ដល់នូវអាវរងា ក្រមា ភួយនិងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗ យកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនៅពេលខាងមុខនេះ ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែឈលើជួរមុខជានិច្ចចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេងឬមនុស្សចាស់ឡើយ។

  លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានធ្វើការណែនាំដល់បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវីដ-១៩ ពិសេសគឺ អនុវត្ត ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន៕

ដោយ ៖ សំរិត


ចែករំលែក៖