ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀងឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង
នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ជាមួយគ្នានោះដែរ លោក ម៉ែន វិបុល អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនោះឡើយ។អ្នកចេះគឺប្រឡងជាប់ ហើយលោកអភិបាលខេត្តក៏បានជូនពរឱ្យបេក្ខជន ទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។
សូមបញ្ជាក់ថា វិញ្ញាសាប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការរយៈពេលមួយព្រឹកនេះ រួមមាន៖ ជំនាញឯកទេស និងភាសាអង់គ្លេសខណ:បេក្ខជនប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ខេត្តស្វាយរៀង មានសរុបចំនួន២៦០នាក់៕
ដោយ៖យឹម សុថាន