ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បុករថយន្តចតស្ងៀមពីក្រោយស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូកាលពី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣០០-៣០១ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកប្រាសាទបាគងបានឲ្យដឹងថា ភាគីរថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2904 បើកបរដោយជនមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់)។

ឯភាគីម៉ូតូម៉ាក ហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ សៀមរាប 1G-1165 បើកបរដោយឈ្មោះ ម៉ៅ លន់ ភេទប្រុស អាយុ ២៦ឆ្នាំ (ស្លាប់) រស់នៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សាក្សីបានប្រាប់នគរបាលចរាចរណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឈប់ចតលើផ្លូវ បែរមុខទៅទិសខាងកើត ហើយជនរងគ្រោះបានបើកម៉ូតូយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នមកបុករថយន្តនេះចំពីក្រោយលាន់ដូចរន្ទះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយមកទើបសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកប្រាសាទបាគង ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ចំពោះសព បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាសមត្ថកិច្ចជំនាញអះអាងថា ករណីនេះកើតឡើងដោយមូលហេតុ រថយន្តឈប់សំចតអែបផ្លូវគ្មានផ្តល់សញ្ញាហើយអ្នកបើកម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖