ខេត្តព្រះសីហនុ ៖ ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តព្រះសីហនុធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើសមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដើម្បីជម្រាបជូនអ្នកសារព័ត៌មានអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការរៀបចំដឹកនាំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ២០២១ និងបង្ហាញពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានសម្រាប់ខេត្តព្រះសីហនុ។
សន្និសីទសារព័ត៌មានដែលរៀបចំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះមានការចូលរួមពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង បរិស្ថាន និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅរដ្ឋបាលសាលាខេត្តព្រះសីហនុ។
លោក នេត្រ ភក្ត្រា បានថ្លែងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនក្រុមអ្នកសារព័ត៌មានជាង ៣០ រូបមកពី ១៦ អង្គភាពសារព័ត៌មានអំពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ សក្តានុពលទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគិន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានបង្ហាញពីសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលបានកសាងសម្រាប់ធ្វើទំនើបកម្មខេត្តព្រះសីហនុ ក្នុងនោះរួមមាន ការកសាងផ្លូវថ្នាល់ជាហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ អាងប្រព្រឹត្តកម្មសំណល់រាវទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងសំរាម អនាម័យបរិស្ថាន ការសម្អាតឆ្នេរ ការគ្រប់គ្រងនិងអភិរក្សតំបន់ឆ្នេរ និងកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលស្ថិតក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយខេត្ត ព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
នៅរសៀលថ្ងៃដដែល ក្រុមអ្នកសារព័ត៌មានមានឱកាសស្វែងយល់ពីការការងារគ្រប់គ្រងសន្តិសុខរបស់កម្លាំងសមត្ថកិច្ច ទីតាំងអាងប្រព្រឹត្តកម្មសំណល់រាវ ទឹកកខ្វក់ ដែលមានតួនាទីសម្អាតសំណល់រាវទឹកកខ្វក់ក្រុងព្រះសីហនុ និងការអនុវត្តសាលាមេត្រីបរិស្ថាននៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមិត្តភាព ក្រុងព្រះសីហនុ៕
ដោយ៖ សិលា