ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីOmicron ជាលើកដំបូង

ចែករំលែក៖

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។
នៅក្នុងសេចក្តីប្រកាសរបស់ CDC កាលពីយប់ថ្ងៃទី១ខែធ្នូ ថា« អ្នកជំងឺ មានអាការៈស្រាល ហើយសុខភាពកំពុងតែល្អប្រសើរ ។ អ្នកជំងឺបានធ្វើចត្តាឡីស័កដោយខ្លួនឯងចាប់តាំងពីធ្វើតេស្តឃើញវិជ្ជមាន ។ ចំណែកអ្នកដែលជាប់ពាក់ព័ន្ធបានធ្វើតេស្តអវិជ្ជមានទាំងអស់ ។ ក្រោយការវិភាគហ្សែននៅមហាវិទ្យាល័យកាលីហ្វ័រនីញ៉ា បានរកឃើញដូចទៅនឹងវីរុសបំប្លែងថ្មី Omicron »។
ឆ្លើយតបទៅនឹងការរកឃើញករណីវិជ្ជមាន Omicron ជាលើកដំបូងនេះ អាជ្ញាធរសុខាភិបាលអាមេរិក នៅតែជំរុញជាថ្មីឱ្យប្រជាជនទាំងឡាយ ជាពិសេសអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងឱ្យបាន ពេញលេញ និងចាក់ដូសជំរុញបន្ថែមទៀតសម្រាប់អ្នកដែលគ្រប់លក្ខខណ្ឌត្រូវចាក់។
មជ្ឈមណ្ឌល CDC និងអាជ្ញាធរសុខាភិបាលពាក់ព័ន្ធទូទាំងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេនឹងបន្តការតាមដាន និងសិក្សាស្វែងយល់ឱ្យបានលម្អិត ចំពោះឥទ្ធិពលរបស់ Omicron មុននឹងសម្រេចដាក់ចេញនូវវិធានការផ្នែកសុខាភិបាលថ្មីទៀត៕

ដោយ៖ធីរីណា(រូបថត៖CBS News)


ចែករំលែក៖