ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំងកំពូលតារាងទាំង៣ទទួលបានលទ្ធផលល្អដូចគ្នានៅ Premier League សប្តាហ៍ទី១៤

ចែករំលែក៖

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេស បានទទួលទ្ធផលល្អដូចគ្នា ដោយតោខៀវ Chelsea យកឈ្នះ Watford ២ទល់១, ក្រុមមេឃខៀវ Manchester City យកឈ្នះក្រុម Aston Villa ២ទល់១ដែរ ខណៈដែលក្រុមហង្សក្រហម Liverpool បំបាក់ក្រុមម្ចាស់ផ្ទះ Everton ៤ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១ ។

គ្រូបង្វឹកលោក Thomas Tuchel បាននិយាយថា Chelsea មានសំណាងក្នុងការបន្តឈរនៅលើកំពូលតារាង Premier League បន្ទាប់ពីទទួលបានភាពភ័យខ្លាចក្នុងជ័យជម្នះរបស់ពួកគេនៅ Watford។ ក្រុមតោខៀវ Chelsea រកបាន២គ្រាប់ដោយគ្រាប់ទី១រកបានដោយកីឡាករ Mason Mount នៅនាទីទី២៩ និងគ្រាប់ទី២រកបានដោយកីឡាករ Hakim Ziyech នៅនាទីទី៧២។ ចំណែកក្រុមម្ចាស់ផ្ទះ Watford រកបាន១គ្រាប់ដោយ ខ្សែប្រយុទ្ធ Emmanuel Dennis នៅនាទីទី៤៣។

ការឈ្នះក្រៅដីជាលើកទី៥ជាប់ៗគ្នារបស់ក្រុមតោខៀវ Chelsea រក្សាបានមួយពិន្ទុឈរនៅលើកំពូលតារាង Premier League ដោយមាន៣៣ពិន្ទុ ក្នុង១៤ប្រកួត។

ចំណែកលោក Pep Guardiola និយាយថា Manchester City ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដណ្តើមពាន បន្ទាប់ពីគ្រាប់បាល់ដ៏អស្ចារ្យរបស់ Bernardo Silva បានជួយពួកគេយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa និងធ្វើឱ្យក្រុមដឹកនាំដោយលោក Steven Gerrard បរាជ័យជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League ក្នុងនាមជាអ្នកចាត់ការទូទៅ។

វាជាការឈ្នះក្នុងលីគទី៤ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Guardiolaដែលជាក្រុមដែលរក្សាពួកគេឱ្យឈរនៅលេខ២ ក្នុងតារាង និង១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Chelsea ក្នុងអ្វីដែលកំពុងក្លាយជាការប្រជែងដណ្តើមពានបីក្រុមដែលរួមមានទាំង Liverpool ។

២គ្រាប់របស់ក្រុមមេឃខៀវ Man City រកបានដោយកីឡាករ Ruben Dias នៅនាទីទី២៧ និងគ្រាប់បាល់ទី២រកបានដោយកីឡាករ Bernardo Silva នៅនាទីទី៤៣។ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានរក១គ្រាប់សងវិញនៅនាទីទី៤៧ ដោយកីឡាករ Watkins។

ដោយឡែកក្រុមហង្សក្រហម Liverpool បានបង្កើនការតាមប្រកៀកនឹងក្រុមខ្លាំងទាំង២ខាងលើដោយបានយកឈ្នះក្រុម Everton ៤ទល់១ នៅកីឡដ្ឋាន Goodison Park។

ក្រុមរបស់លោក Jurgen Klopp បានទទួលជ័យជម្នះតែមួយលើកគត់លើការទៅលេង៩លើកមុនរបស់ពួកគេទៅកាន់ក្រុម Everton ប៉ុន្តែការចាប់ផ្តើមដ៏ត្រចះត្រចង់បានធ្វើឱ្យពួកគេស្ថិតនៅលើកំពូលតារាងក្រុមខ្លាំងទាំង៣។ គ្រាប់បាល់នាំមុខពីកីឡាករ Jordan Henderson នៅនាទីទី៩ ខណៈគ្រាប់ទាល់ទី២ និងទី៣រកបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅនាទីទី១៩ និងនាទីទី៦៤។ ចំណែកគ្រាប់បាល់ទី៤រកបានដោយកីឡាករ Diogo Jota នៅនាទីទី៧៩ ប៉ុន្តែក្រុមម្ចាស់ផ្ទះ Everton ក៏រកបានគ្រាប់បាល់១គ្រាប់វិញដើម្បីលួងចិត្តអ្នកគាំទ្រនៅនាទីទី៣៨ ដោយកីឡាករ Demarai Gray ។

ជ័យជម្នះធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរលេខរៀងទី៣នៅលីគកំពូលអង់គ្លេស ដែលជាក្រុមមានគុណភាព និងការគំរាមកំហែងដល់ក្រុមទាំងអស់ ដោយបច្ចុប្បន្ន៤ប្រកួតចុងក្រោយមិនទាន់ស្គាល់រសជាតិចាញ់នោះទេទាំងការប្រកួតក្នុងលីគ និងនៅ Champions League។ ក្រុមហង្សក្រហមបន្តឈរលេខ៣នៅលីគកំពូលអង់គ្លេសមាន៣១ពិន្ទុ ចាញ់ក្រុមកំពូលតារាង២ពិន្ទុ ខណៈដែលក្រុម Everton ក្រោយពីចាញ់នៅសប្តាហ៍ទី១៤នេះគឺឈរនៅចំណាត់ថ្នាក់លេខ១៤ មាន១៥ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖