ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៩នាក់ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះរងរបួសជាទម្ងន់ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់យុវជន៩នាក់ពាក់ព័ន្ធនឹងបទល្មើស«ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះរងរបួសជាទម្ងន់» នៅខណ្ឌឫស្សីកែវ។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍ហិង្សាប្រដាប់ដោយកាំបិតកាប់ជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វឿង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្សសាលាសន្ធរម៉ុក ស្នាក់នៅជាមួយម្តាយ(រងរបួសខ្នង៣កាំបិត និង ក្បាល២កាំបិត។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះកំពុង អង្គុយហូបកាហ្វេនៅផ្ទះល្វែងកន្លែងកើតហេតុ ពេលនោះស្រាប់តែមានជនសង្ស័យ១ក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងមានគ្នា១២នាក់ប្រដាប់ដោយកាំបិតបុ័ងតោ ដាវ និងច្រវាក់បានចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសក្បាលនិងខ្នងធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ចំណែកជនសង្ស័យក៏គេចខ្លួនបាត់អស់ទៅ។
បន្ទាប់ពីកើតហេតុនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ៩នាក់នៅចំណុចបន្ទប់ជួលលេខ៨ ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៩នាក់នេះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារដូចជា កាំបិតបុ័ងតោ២ដើម, ដាវ១ដើម, ច្រវាក់១ខ្សែ , ម៉ូតូ៣គ្រឿងគឺ ម៉ូតូហុងដាឌ្រីមC125មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IG-1266 , ម៉ូតូនិច
ពណ៌ស១គ្រឿងពាក់ស្លាកលេខក្រចេះ 1X-2089 និង ម៉ូតូហុងដាC125 ពណ៌ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នយុវជនទាំង៩នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖