ព័ត៌មានទាន់ហេតុការណ៍៖

តុលាការស៊ើបសួរបុរសកាណាដាបន្ថែម លើសំណុំរឿងគ្រឿងញៀន១៦៧គីឡូក្រាម

ចែករំលែក៖

 ភ្នំពេញ ៖ លោក FU YONG QING  សញ្ជាតិកាណាដា ដើមកំណើតចិន កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនកាណាដា លេខ AC790143 ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យអនុរក្សពន្ធនាគារបញ្ជូនមកកាន់តុលាការកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជានីតិវិធីស៊ើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀនទៅលើសំណុំរឿងគ្រឿងញៀនទម្ងន់១៦៧គីឡូក្រាមដែលសមត្ថកិច្ចកម្ពុជាទើបបង្ក្រាបបានថ្មីៗនេះ។ 

   ជនជាប់ចោទត្រូវបានចៅក្រមតុលាការសាកសួរតាំងពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបញ្ចប់ និងបញ្ជូនទៅកាន់ពន្ធនាគារវិញ ។

   កាលពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ។ 

    គោលដៅទី១ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន អុិចប្រេស ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

    គោលដៅទី២ នៅចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

    គោលដៅទី៣ នៅបន្ទប់13AD និង 13AE ខុនដូ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ។

   ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនកាណាដា លេខ AC790143 ។ ជាមួយនឹងវត្ថុតាងចាប់យករួមមាន អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ ២៨,៣៥៤.៥៤ក្រ. , អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់៦០,២៤៤.៩៩ក្រ., អុិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០,០២២.៧២ក្រ., អុិចស្តាស៊ីក្រាម(MDMA) ទម្ងន់២៤,៧០០.៨១ក្រ., នីមេតាហ្សាប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់១,៧៣៣.៤០ក្រ., មេតំហ្វេតាមីន(ICE) ទម្ងន់៩៨.៩៧ក្រ., កេតាមីន (Ketamine)២,៣២០ក្រ. (សរុបរួម ១៦៧ គីឡូក្រាម ៤៧៥.៤៣ក្រាម) និងចាប់យកសម្ភារមាន អាវុធខ្លី១ដើម (គ្រាប់ ៦គ្រាប់) ជញ្ជីង១គ្រឿង រថយន្ត១គ្រឿង និងមានសម្ភារមួយចំនួនទៀត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖