ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងម៉ោង ៣:៤០នាទី នៅរាជធានីភ្នំពេញ ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។ ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានដង្ហែរមកពីប្រទេសបារាំង ដល់រាជ ធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងព្រះពុទ្ធសាសនា នាព្រះរាជតំណាក់ ស្ថិតនៅតាមបណ្តាយវិថី សម្តេចប៉ាន (ព្រះរាជតំណាក់ចាស់)។
សម្តេចវិបុលសេនាភក្តី និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាព្រះជាយា និងព្រះបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ប្រកបដោយសេចក្តីទុក្ខសោកសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាព្រះឥស្សរជនខ្មែរដ៏ឆ្នើមមួយព្រះអង្គ ដែលមានស្នាព្រះហស្ថ និងបទពិសោធន៍ជាច្រើនចូលរួមកសាងជាតិ ប្រកបដោយព្រះសមត្ថភាព និងពេញព្រះហឬទ័យសេ្នហា ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់អវសានព្រះជន្ម។
សម្តេចវិបុលសេនាភក្តី និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា សូមឧទ្ទិសឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមព្រះអង្គយោងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា