ក្នុងពេលវីរុសបំប្លែងថ្មីអូមីក្រុងបង្ហាញវត្តមាន ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានរឹតត្បិតការធ្វើដំណើរចេញចូលតំបន់អាហ្វ្រិក។ ប៉ុន្តែនៅក្នុងប្រទេសវិញបែរជាធូររលុង ដោយពលរដ្ឋអាចជួបជុំគ្នា បាន ដែលអាចប្រឈមនឹងការឆ្លងជាទ្រង់ទ្រាយធំ។
អង់គ្លេសនិងដាណឺម៉ាក នៅថ្ងៃទី៥ខែធ្នូ បានរកឃើញករណីឆ្លងកូវីដ-១៩ អូមីក្រុងជាទ្រង់ទ្រាយធំ។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកាន់តែច្រើនឡើងក្នុងប្រទេសនេះ។
នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់ប្រទេសចំនួន៤៥ ។ ប៉ុន្មានថ្ងៃកន្លងមកនេះ អាមេរិកនិងអឺរ៉ុបបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះ។
ប្រទេសជាច្រើនបានរឹតត្បិតព្រំដែន ពិសេសការធ្វើដំណើរតាមដែនអាកាស។
នៅពេលនេះដែរ អង់គ្លេសបានរកឃើញកូវីដ-១៩ បំប្លែងថ្មី Omicron សរុបកើនឡើងដល់៣៣៦ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ៩០ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលកើនឡើងពី៨៦ករណីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) ក្នុងចំណោមករណីឆ្លងថ្មីៗចំនួន ៩០ករណីខាងលើ មាន ៦៤ករណីត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស (England), ២៣ករណីនៅក្នុងប្រទេសស្កុតឡែន (Scotland) និង០៣ករណីផ្សេងទៀតនៅក្នុងប្រទេសវេលស៍ (Wales) ខណៈប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) មិនទាន់រាយការណ៍ពីការរកឃើញករណីឆ្លង វីរុស COVID-19 បំប្លែងថ្មី Omicron ណាមួយនៅឡើយទេ រហូតមកដល់ពេលនេះ។
ការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មី Omicron បានជំរុញឱ្យចក្រភពអង់គ្លេសដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរចូលមកក្នុងដែនដីរបស់ខ្លួនលើអ្នកដំណើរមកពីតំបន់ប៉ែកខាងត្បូងនៃទ្វីបអាហ្វ្រិកចំនួន១០ ជាទីដែលវីរុសនេះត្រូវបានរកឃើញដំបូងគេនៅប្រទេសទាំងនោះ ខណៈមានក្ដីព្រួយបារម្ភថា វាកំពុងឆ្លងរីករាលដាលលឿនជាងវីរុស COVID-19 បំប្លែងថ្មី Delta ទៅទៀត៕ ដោយ៖ធីរីណា
រូបថត៖Reuters