ព័ត៌មានទាន់ហេតុការណ៍៖

អំណោយជាអាវរងារ ស្បៀងអាហារ និងថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកតាលោកយាយចាស់ជរា មានជីវភាពខ្វះខាត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រីនិងលោក ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ០៥ ធ្នូ ២០២១ ក្រោមប្រធានបទ៖ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ” ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅសាលាស្រុកពញាក្រែក។

ក្នុងឱកាសនោះ លោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពនានាយ៉ាងច្រើនដែលសម្រេចបាន ក្នុងសកម្មភាពមនុស្សធម៌នៅទូទាំងខេត្ត។

បន្ទាប់ពីអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីរួចមក មានប្រសាសន៍សំណេះសំណាលលោកជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ដោយក្តីនឹករលឹកបំផុត និងថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគម៍របស់ខ្លួន។

លោក ជាម ច័ន្ទសោភ័ណ បានជំរុញលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ សូមបន្តសកម្មភាពដ៍ល្អមួយនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៍ជួយជនងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក << កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ>>។

បន្ថែមពីនេះលោកជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់អ្នកស្ម័គ្រចិត្តទាំំងអស់ ត្រូវរក្សាសុខភាពខ្លួនឲ្យបានល្អ បើយើងគ្មានសុខភាពរឹងមាំនោះទេ ម្តេចនឹងចុះជួយបងប្អូនពលរដ្ឋបាន ជាពិសេសក្នុងបរិបទកូវីដ១៩នេះតែម្តង។ ដើម្បីជាការលើកទឹកចិត្ត គណៈអធិបតីបានចែកជូននូវប័ណ្ណសរសើរ ជែល ម៉ាស និងថវិកាមួយ ចំនួនដល់អ្នកស្ម័គ្រចិត្តទាំង១២០នាក់ នាឳកាសនោះផងដែរ។

បន្ទាប់មកទៀតលោក ជាម ច័ន្ទសោភ័ណ និងលោកស្រីម៉េង វ៉ាន់ដានីន និងលោកស៊ាក ឡេង បានបន្តនាំយកអំណោយជាអាវរងារ ស្បៀងអាហារ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ចែកជូនលោកតាលោកយាយចាស់ជរា មានជីវភាពខ្វះខាត ក្នុងស្រុកពញាក្រែក ចំនួន៥០នាក់ តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ខណៈគ្រាដែលអាកាសធាតុបានចុះត្រជាក់។ 

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចំពោះលោកតាលោកយាយទាំង៥០នាក់ ក្នុងម្នាក់ទទួលបានអាវរងារ០១,អង្ករ១បេ,មី១កេស, ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ,ត្រីខ១យួរ, ប្រេងឆា១ដប និងថវិកាមួយចំនួន៕

ដោយ៖ សូរិយា


ចែករំលែក៖