ក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបានផ្តួលក្រុមម្ចាស់ផ្ទះ Porto ក្នុងការប្រកួតដ៏អស្ចារ្យមួយដែលបានឃើញកីឡាកររហូតដល់៣នាក់ទទួលបានកាតក្រហម។
ខ្សែប្រយុទ្ធ Antoine Griezmann ស៊ុតបញ្ចូលទីបាន១គ្រាប់នាំមុខក្រុមព័រទុយហ្គាល់ Porto នៅនាទីទី៥៦ ខណៈដែលក្រុមអេស្ប៉ាញបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B តាមពីក្រោយក្រុម Liverpool។ ក្រុម Atletico បានបន្តនាំក្រុម Porto ២គ្រាប់ទៀតគឺនៅនាទីទី៩០ និងនៅនាទីទី៩០+២ ដោយកីឡាករ Angel Correa និងកីឡាករ Rodrigo de Paul ។
ចំណែកក្រុម Porto រកបាន១គ្រាប់សងវិញដែរនៅនាទីទី៩០+៦ ដោយប៉ាល់ប៉េណាល់ទីដោយកីឡាករ Sergio Oliveira ។ ជាមួយគ្នានេះមានកីឡាករ៣នាក់ទទួលបានកាតក្រហម គឺកីឡាករ Yannick Carrasco របស់ក្រុម Atletico Madrid និងកីឡាករ២នាក់របស់ក្រុម Porto គឺWendell និង Agustin Marchesin ទទួលបានកាតក្រហមដែរនៅនាទីទី៧០, នាទីទី៧៥។
ក្រុម Atletico Madrid ដែលដឹកនាំដោយលោក Diego Simeone បានចាប់ផ្តើមការប្រកួតនៅបាតតារាងនៃពូល B ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ដោយមាន៧ពិន្ទុ។ ចំណែកក្រុម Porto ឈរនៅលេខ៣ជាមួយនឹង៥ពិន្ទុ មានកៅអីទៅកាន់វគ្គជម្រុះសម្រាប់ Europa League ។
ក្រុមលេខ១ក្នុងពូល B គឺ Liverpool បញ្ចប់លើកំពូលតារាងដោយមាន១៨ពិន្ទុបន្ទាប់ពីឈ្នះ ២-១ នៅក្រុម AC Milan ដែលបានបញ្ចប់នៅបាតតារាងដោយមាន៤ពិន្ទុ។
ដោយឡែកក្រុមមកពីអាល្លឺម៉ង់ Borussia Dortmund បានបញ្ចប់យុទ្ធនាការវគ្គជម្រុះ Champions League របស់ពួកគេជាមួយនឹងការផ្តួលក្រុម Besiktas ដែលមានគ្នា១០នាក់ក្នុងលទ្ធផល ៥ទល់០ ប៉ុន្តែក្រុមរបស់ពួកគេនៅតែមិនមានកៅអីទៅកាន់វគ្គ១៦ក្រុមដដែល ដោយបានធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Europa League។
៥គ្រាប់របស់ក្រុម Dortmund រកបានដោយកីឡាករ Donyell Malenនៅនាទីទី២៩, កីឡាករ Marco Reus ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៤៥+២, គ្រាប់ទី៣រកបានដោយកីឡាករ Marco Reus ដដែលនៅនាទីទី៥៣, គ្រាប់ទី៤ និងគ្រាប់ទី៥រកបានដោយកីឡាករ Erling Haaland នៅនាទីទី៦៨ និងនាទីទី៨១។
ខ្សែប្រយុទ្ធន័រវេសវ័យ២១ឆ្នាំ Haaland រកបាន២៣គ្រាប់ក្នុង១៩ប្រកួតនៅChampions League ។ ក្រុមDortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល C ដោយនាំពួកគេទៅលេងក្របខ័ណ្ឌ Europa League ខណៈ Besiktas បញ្ចប់នៅបាតតារាងដោយមិនរកបានពិន្ទុនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)