ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ផុតលេខ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ 

ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង មីយ៉ាន់ម៉ា ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញនាយឧត្តមសេនីយ៍ផុតលេខ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖