ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនឆេះខ្ទេចខណៈពន្លះជាមួយម៉ូតូហុងដាគុបជ្រុងបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងហើយរថយន្តបង្កព្យាយាមបើករត់

ចែករំលែក៖

ខេត្តតាកែវ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងត្រូវភ្លើងឆេះខ្ទេចខណៈដែលអ្នកបើកបរបានបើកក្នុងល្បឿនយ៉ាងលឿនហើយបានទៅបុកម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងហើយអ្នកបើកបររថយន្តបង្កហេតុព្យាយាមបើករត់គេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវខេត្ត1TK1 ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០-១១ ស្ថិតក្នុងភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាកកាមរីបាឡែន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2R-6754 បើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក គ្មានស្លាកលេខក្នុងទិសដៅផ្ទុយគ្នាបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ រួចរថយន្តបង្កហេតុបន្តបើករត់រហូតទៅដល់ភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ រថយន្តខាងលើក៏ត្រូវភ្លើងឆេះ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនរងគ្រោះឈ្មោះ តុប មុល ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី​ ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ យករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះរថយន្តខាងលើនិងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យកន្លែងកើតហេតុ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីបំពេញបែបបទដោះស្រាយតាម​នីតិវីធី៕

ដោយ៖ស សម


ចែករំលែក៖