ក្នុងពេលដែលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីបន្តប្រកាសពីតួលេខនៃការឆ្លងកូវីដ-១៩ប្រចាំថ្ងៃ នោះ ចំពោះរដ្ឋាភិបាលសិង្ហបុរីវិញបានប្រកាសបញ្ឈប់រាល់ការប្រកាសពីរបាយការណ៍ឆ្លងកូវីដ-១៩ដើម្បីរស់នៅជាមួយកូវីដមិនមានការព្រួយបារម្ភ។
តាំងពីថ្ងៃទី៧ខែធ្នូ សិង្ហបុរីបានផ្អាកប្រកាសព័ត៌មានស្តីពីអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ដោយចាត់ទុកថា ការប្រកាសបែបនេះមិនមានន័យអ្វីនោះឡើយ ។ មហាជនអាចតាមដានព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលដែលបានបង្ហោះពីករណីឆ្លងនិងស្លាប់។
ក្រុមអ្នកឯកទេសសុខាភិបាលបានគាំទ្រសកម្មភាពខាងលើរបស់រដ្ឋាភិបាល ដោយសារតែការប្រកាសតួលេខអ្នកឆ្លងមិនមានន័យអ្វីឡើយ ក្នុងពេលសិង្ហបុរីកំពុងតែរស់នៅជាមួយកូវីដ-១៩ ដោយចាត់ទុកជំងឺនេះជាជំងឺធម្មតា។
សាស្ត្រាចារ្យ Teo Yik Ying នាយកសាលាពេទ្យ Saw Swee Hock ស្ថិតនៅក្នុងសកលវិទ្យាល័យជាតិសិង្ហបុរី បានឱ្យដឹងថា ការឆ្លងរាលដាលកូវីដនៅក្នុងសហគមន៍គឺអាស្រ័យទៅលើពលរដ្ឋ ដែលចង់ថែទាំសុខាភិបាលដែរឬទេ។
បច្ចុប្បន្នមានប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីបន្តប្រកាសរបាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងនោះមានម៉ាឡេសី ថៃ ហ្វីលីពីន ឥណ្ឌា ហុងកុង…ជាដើម៕
ដោយ៖ធីរីណា(រូបថត៖Straits Times)