ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់ដឹកដៃកូនស្រីអាយុ៥ឆ្នាំ ដើរឡើងស្ពានជ្រោយចង្វា រួចទៅអង្គុយយំក្បែរបង្កាន់ដៃស្ពាន ធ្វើឱ្យផ្អើលឆោឡោ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទះឃើញស្ត្រីម្នាក់ដឹកដៃកូនស្រីអាយុ៥ឆ្នាំ ដើរឡើងស្ពានជ្រោយចង្វា រួចទៅអង្គុយយំក្បែរបង្កាន់ដៃស្ពាន ធ្វើឱ្យផ្អើលឆោឡោដោយគិតថាស្ត្រីរូបនេះប៉ងលោតទឹក ក៏បាននាំគ្នាជួយឃាត់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញស្ត្រីម្នាក់ និងកូនស្រីអាយុ៥ឆ្នាំម្នាក់ ឈរក្បែរបង្កាន់ដៃស្ពានជ្រោយចង្វាទាំងទឹកភ្នែក ភ្លាមៗនោះអ្នកឃើញហេតុការណ៍បានចុះពីលើម៉ូតូទៅសួរនាំ ក៏ស្រាប់តែស្ត្រីរូបនោះបានប្រាប់ថា រូបនាងមានវិបត្តិក្នុងគ្រួសារ ។
ក្រោយពេលសួរនាំរួច ទើបដឹងថាស្រ្តីរូបនេះ
រងអំពើហិង្សាពីប្តីទាំងយប់ទាំងថ្ងៃ រួចស្ត្រីរូបនេះក៏បានខ្សឹបប្រាប់ឲ្យដឹងទៀតថា ខ្លួនជាប្រពន្ធទី២របស់ប្តីសព្វថ្ងៃ ហើយរូបគាត់តែងតែរងនូវការប្រើប្រាស់អំពើហិង្សាស្ទើរតែរៀងរាល់ថ្ងៃពីសំណាក់ប្តី ។
បើតាមស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា នៅយប់កើតហេតុនោះ ប្តីរបស់គាត់បម្រុងប្រើអំពើហិង្សាម្តងទៀត ទើបគាត់នាំកូនស្រីចេញពីផ្ទះ រួចធ្វើដំណើរឡើងស្ពានជ្រោយចង្វាទាំងទឹកភ្នែក ទៅអង្គុយយំសោកនៅលើស្ពាន តែភ្លាមៗនោះមានប្រជាពលរដ្ឋឃើញបែបនេះ សង្ស័យថាប៉ងលោតទឹក ក៏ចូលទៅឃាត់តែម្តង។
ទោះជាយ៉ាងណា ស្ត្រីរូបនេះគឺស្ថិតក្នុងសភាពមិនប្រក្រតី និងភ័យខ្លាចមិនឈប់ និយាយមិនដឹងត្រូវខុសនោះទេ។ ដោយឃើញសភាពចេះតែភ័យខ្លាច និងអោបកូនជាប់ដើមទ្រូងគ្រប់ពេលដែលមានមនុស្សប្រុសប៉ះគាត់ គាត់តែងតែស្រែកថា «កុំវាយខ្ញុំអី ជួយផង!» ។
បន្ទាប់ពីកើតហេតុដោយពិបាកនឹងជួយ ទើបប្រជាពលរដ្ឋសម្រេចចិត្តនាំស្ត្រីរូបនេះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖