ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសអ្នកជំនាញ ១២៥ នាក់ ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖

– អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology)  ចំនួន ១៥នាក់

– អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ  (Data Center)  ចំនួន ១៥នាក់ 

– អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់

– អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development)  ចំនួន ១៥នាក់

– អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science)  ចំនួន ១៥នាក់

– អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity)  ចំនួន ១៥នាក់ 

– អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology)  ចំនួន ១៥នាក់

– អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។

១. លក្ខខណ្ឌនៃការជ្រើសរើស 

– បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស

– មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន

– មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ

– មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ

– មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម 

– មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម

– មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត

– ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម

– គុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្ដីជូនដំណឹងនេះ។ 

២. ភារកិច្ច និងការទទួលខុសត្រូវ

សូមបេក្ខជនមើលនៅក្នុងផ្នែកភារកិច្ចនិងទំនួលខុសត្រូវសំខាន់ៗ តាមជំនាញនីមួយៗ ដែលភ្ជាប់មក ជាមួយសេចក្ដីជូនដំណឹងនេះ។

 

៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

– ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន 

– ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ

– ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។

៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស

– បេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។ 

– បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment) 

– បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២៕

ដោយ ៖ សិលា


ចែករំលែក៖