ព័ត៌មានទាន់ហេតុការណ៍៖

ចិនអនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី៨ខែធ្នូ នាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺឆ្លងជាតិចិន NMPA បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ ផលិតដោយក្រុមហ៊ុនBrii Bioscien។ នេះជាថ្នាំព្យាបាលកូវិដ-១៩ ដំបូងបង្អស់នៅក្នុងប្រទេសចិន។
ការអនុម័តក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់សម្រាប់ថ្នាំព្យាបាលជំងឺ COVID-19 ដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីការធ្វើតេស្តបានបង្ហាញថា វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់និងការបាត់បង់ជីវិត ក្នុងចំណោមក្រុមអ្នកជំងឺដែលប្រឈមហានិភ័យខ្លាំង។
ក្នុងសេចក្តីប្រកាសផ្លូវការមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលជាតិត្រួតពិនិត្យផលិតផលវេជ្ជសាស្រ្តចិនបានឱ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ ចំពោះថ្នាំព្យាបាលជំងឺ COVID-19 ប្រភេទ monoclonal antibody ដែលជាការបញ្ចូលអង់ទីគ័រឲ្យអ្នកជំងឺផ្ទាល់ ដើម្បីទប់ទល់ជាមួយមេរោគនេះ។ វាប្រើប្រាស់ថ្នាំពីរមុខរួមគ្នា ហើយបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺតាមរយៈការចាក់។
ថ្នាំខាងលើត្រូវបានអភិវឌ្ឍឡើងរួមគ្នា ដោយសាកលវិទ្យាល័យសុីងហួ (Tsinghua), មន្ទីរពេទ្យទីក្រុងសិនជិន និងក្រុមហ៊ុនជីវបច្ចេកវិទ្យា ប៊្រី បាយអូ (Brii Biosciences)។ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា វាមានសមត្ថភាពកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺដែលប្រឈមហានិភ័យខ្ពស់បានដល់ទៅប្រមាណ៨០ភាគរយ៕

ដោយ៖ធីរីណា(រូបថត៖THX/VNA)


ចែករំលែក៖