ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុករថយន្តដែលកំពុងបត់ឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាលទាំងពីរនាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AB-0555បើកតាមបណ្ដោយផ្លូវលេខ ២០១១ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ-9446បើកតាមបណ្ដោយផ្លូវលេខ២០១១ ជិះគ្នាពីរនាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនក៏បានជ្រុលចង្កូតទៅបុកចំទ្វាររថយន្តខាងមុខផ្នែកខាងស្ដាំជាប់ម៉ូតូឆ្កឹង ហើយមនុស្សទាំងពីរនាក់បោកក្បាលទៅលើកញ្ចក់រថយន្តបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល ។  ក្រោយកើតហេតុត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុនោះ។

   បន្ទាប់មកគេឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖