មជ្ឈមណ្ឌលគ្រប់គ្រងនិងដោះស្រាយជំងឺឆ្លងកូវីដ-១៩ CCSA របស់ថៃបានឱ្យដឹងថា ប្រទេសនេះបានសម្រេចអូសបន្លាយពេលវេលាធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១៦ខែធ្នូ ដោយត្រូវបង្កើនពី៥ថ្ងៃឡើងដល់៧ថ្ងៃ។
នៅថ្ងៃទី១៣ខែធ្នូ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានលើកឡើងថាការសម្រេចខាងលើ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសថា រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៨៦២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,៨១៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន២,១៧៤,៩០៦ករណី ក្នុងនោះមានអ្នកស្លាប់ ២១,២៣១នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១០៦,១៤៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៧.៧៨លានដូស ក្នុងនោះប្រជាជន ៤៣.៤៩លាននាក់ (៦២.១៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖THX/TTXVN