ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងថ្ងៃត្រង់! អ្នកភូមិប្រទះឃើញបុរសម្នាក់លង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះនួន វាសនា អាយុ៤០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏បានដើរទៅស្រះទឹកដើម្បីដាក់មងយកត្រីទុកធ្វើម្ហូប ដោយមានអាការៈដើរទ្រេតទ្រោត។

ប្រភពបន្តថា ក្រោយមកក៏មានការភ្ញាក់ផ្អើលថាបុរសរូបនេះលង់ទឹកស្រះស្លាប់ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យសព។

បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖