ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាលើកដំបូងដែលកម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់បន្ថែមថា ករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំបុក ក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្ននេះ អ្នកជំងឺខាងលើនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន នៅក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖ស តារា