ម្ចាស់ជើងឯក US Open កីឡាការិនី Emma Raducanu បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ហើយនឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Mubadala World Tennis Championship នៅសប្តាហ៍នេះនៅទីក្រុង Abu Dhabi ។ នេះបើយោងតាមការអះអាងរបស់កីឡាការិនីសញ្ជាតិអង់គ្លេសវ័យ១៩ឆ្នាំបាននិយាយកាលពីថ្ងៃអង្គារ។
កីឡាការិនីវ័យក្មេង Raducanu ដែលបានក្លាយជាកីឡាការិនីជម្រុះដំបូងគេដែលឈ្នះពានធំមួយ នៅពេលដែលនាងឈ្នះនៅ Flushing Meadows ក្នុងខែកញ្ញា គឺត្រូវជួបជាមួយម្ចាស់មេដាយមាសកីឡាអូឡាំពិក Belinda Bencic នៅព្រឹត្តិការណ៍ថ្ងៃទី១៦ ខែធ្នូដល់ថ្ងៃទី១៨ ខែធ្នូ។
Raducanu បាននិយាយថា “ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការលេងនៅចំពោះមុខអ្នកគាំទ្រនៅទីនេះក្នុងទីក្រុង Abu Dhabi ប៉ុន្តែជាអកុសលបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ខ្ញុំនឹងត្រូវពន្យារពេលរហូតដល់ឱកាសបន្ទាប់។ ខ្ញុំត្រូវនៅដាច់ដោយឡែកស្របតាមច្បាប់ ហើយសង្ឃឹមថានឹងអាចត្រឡប់មកវិញបានក្នុងពេលឆាប់ៗ”។
អ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេកំពុងសម្លឹងមើលដៃគូប្រកួតប្រជែងកំពូលស្ត្រីដើម្បីជំនួសកីឡាការិនី Raducanu នៅក្នុងព្រឹត្តិការណ៍ខាងលើ។ ចំណែកកីឡាករលំដាប់លេខ៦ពិភពលោក Rafa Nadal និងម្ចាស់ជើងឯក US Open កាលពីឆ្នាំមុន Dominic Thiem នឹងត្រឡប់មកពីការសម្រាកព្យាបាលរបួសរបស់ពួកគេនៅទីក្រុង Abu Dhabi ។
ដោយឡែកកីឡាករ Andy Murray របស់អង់គ្លេស, Andrey Rublevរបស់រុស្ស៊ី, Casper Ruud របស់ន័រវេស និងកីឡាករ Denis Shapovalovរបស់កាណាដាក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ មុនពេលរដូវកាលប្រកួតប្រជែងឆ្នាំ២០២២ចាប់ផ្តើមនៅប្រទេសអូស្ត្រាលី ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)