ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយប្រពន្ធបានបើករថយន្តហាយឡេនឌ័រមួយគ្រឿងជ្រុលចង្កូតឡើងលើខឿនសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២ និង ៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិះរថយន្តហាយឡេនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ស្ពឺ2A-1803ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ចំណែកបង្គោលភ្លើងរងការខូចខាតក្រពឹតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖