ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយមន្រ្តីជាន់ខ្ពស់ដែលអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) មានលោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា លោក Alvin Lopez អ្នកឯកទេសធនធានធម្មជាតិ និងកសិកម្មជាន់ខ្ពស់ និងសហការីមួយចំនួនទៀត។
ជាបឋម លោករដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ADB ដែលបាននិងកំពុងតែបន្តគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានឥតសំណង និងសម្បទានសម្រាប់អនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលគម្រោងកម្មវិធីទាំងនោះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន ក្នុងនោះក៏មាន អនុវិស័យវារីវប្បកម្មផងដែរ ក្នុងការធានាបាននូវនិរន្តរភាពបរិស្ថាន សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ធន់នឹងការប្រែ ប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
លោក Anthony Gill បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា គោលបំណងនៃជំនួបនារសៀលថ្ងៃនេះគឺដើម្បី ៖ ១- សង្ខេបជូនអំពីវឌ្ឍនភាពទាក់ទងនឹងការរៀបចំកសាងគម្រោង ២- ធ្វើបច្ចុប្បន្នភាពដោយសង្ខេបអំពីវឌ្ឍនភាពលើគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតរបស់ ADB ជាមួយ ក្រសួង និង ៣- ស្វែងរកការណែនាំ និងទស្សនៈវិស័យនៃការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចិរភាព ដើម្បីងាយស្រួលក្នុងការធ្វើកិច្ចសហប្រតិបត្តិការបន្ត និងដាក់ចេញនូវទិសដៅនាពេលអនាគតរបស់ ADB ជាមួយក្រសួង ជាពិសេសលើវិស័យជលផល។ លោក Anthony Gill បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ADB បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ។
លោក Anthony Gill បានបញ្ជាក់ថាគម្រោងនេះ នឹងជួយវិស័យជនផលក្នុងការ ៖
១- លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ។
២- កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។
៣- ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និង
៤- ការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។
ចំពោះគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ហើយរដ្ឋបាលជលផល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាភ្នាក់ងារអនុវត្ត។នាឱកាសនេះផងដែរភាគីទាំងពីរក៏បានលើកយកប្រធានបទស្តីពី “ការធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម ” ដើម្បីលើកកម្ពស់សមត្ថភាពវិគាគ និងពិសោធន៍លើរាល់ផលិតផលកសិកម្ម មុនធ្វើការនាំចេញ និងពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលនៅលើទីផ្សារ។ ចំពោះការអនុវត្តគម្រោង ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំពង្រឹងកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ៕
ដោយ៖ សិលា