ភ្នំពេញ ៖ ទាំងយប់អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ព័ន្ធ នឹងការកាន់កាប់ និងលក់ព្រៃលិចទឹក ។
អង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបាន ធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន សង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នៅវេលា ម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
ក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ចេញ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹក។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបាន ធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន សង្ស័យខាងលើ បានជាប់ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះ អង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បី បន្តនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន៕
ដោយ៖សុខ ខេមរា