ព័ត៌មានទាន់ហេតុការណ៍៖

បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកម៉ូតូម៉ាកណៃហតបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូនឹងម៉ូតូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៣១៧B ស្ថិតក្នុងភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះតឹក នី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងប្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O-៦២៩៧ រងខូចខាតយ៉ាងដំណំ។

  ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហេង ណារិន  អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងអ្នករួមដំណើរឈ្មោះ យ៉ាន់ សាវ៉ាត អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១O-៦២៩៧ក្នុងទិសដៅពីត្បូងទៅជើងដោយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BH-១៥១២ជិះគ្នា២នាក់ពីជើងទៅត្បូង បញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖