ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្មេងស្ទាវបើកម៉ូតូ៥គ្រឿងប្រដេញគ្នាពេញផ្លូវ​ត្រូវរថយន្តបេីកបុករះ​ទៅបោកផ្ទប់នឹងបង្គោលភ្លេីង​ឆេះមួយកំណាត់មុខ​បបណ្ដាលឱ្យមានអ្នកស្លាប់៧នាក់និងរបួសធ្ងន់ម្នាក់(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្តាល៖​ ក្មេងស្ទាវមួយក្រុម​ជិះម៉ូតូប្រដេញគ្នាពេញភូមិ​ ត្រូវបានរថយន្តធុនដ្រាបេីកលឿនបុករះម៉ូតូ៥គ្រឿង​បោកផ្ទប់នឹងបង្គោលភ្លេីង​ឆេះមួយកំណាត់មុខ​ បណ្ដាលឱ្យមានអ្នកស្លាប់៥នាក់​នៅនឹងកន្លែងកេីតហេតុ និងរងរបួសធ្ងន់​៣នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានស្លាប់២នាក់ជាបន្តបន្ទាប់ទៀតនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ​បានកេីតឡេីងនៅម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២១ នៅតាមផ្លូវលេខ១១០​ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនររងគ្រោះដែលស្លាប់រួមមាន៖ ១-ឈ្មោះរស់ ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកកៀនស្វាយខេត្តកណ្តាល។២-ឈ្មោះវ៉ាត ផានិត ភេទប្រុស  អាយុ២១ ឆ្នាំ រស់នៅស្រុកកៀនស្វាយខេត្តកណ្តាល។ ៣-ឈ្មោះព្រហ្ម មេសាភេទប្រុស អាយុ១៧ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៤-ឈ្មោះផុន សុភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៥-ឈ្មោះ បូ ប្រុសវីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែក២នាក់ដែលស្លាប់ និងម្នាក់រងរបួសធ្ងន់នៅមន្ទីរពេទ្យពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគាត់ឃើញជនរងគ្រោះទាំង៨នាក់និងម៉ូតូ៥គ្រឿង បើកឌុបគ្នាតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដោយបើកជ្រែប្រដេញគ្នាពេញផ្លូវលុះពេលជិះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកធុនដ្រា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BM-4386 បើកបរតាមបណ្តោយផ្លូវលេខ១១០ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុករះម៉ូតូទាំង៥គ្រឿងប៉ើងម៉ូតូខ្ទាតពេញផ្លូវ និងទៅបោកផ្ទប់នឹងបង្គោលភ្លើងបណ្តាលឲ្យឆេះកំណាត់មុខ និងមានជនរងគ្រោះដេកស្លាប់ពេញថ្នល់ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍​បានចុះមកដល់កន្លែងកើតហេតុ រួចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់រថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖