ខេត្តកណ្ដាល ៖ បុរសម្នាក់បើកម៉ូតូបុកគូថរថយន្តពីក្រោយ ខណៈកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូជាប់ក្រោមរថយន្តអូសប្រហែលចំងាយមួយគីឡូម៉ែត្រ ទើបធ្វើឲ្យម៉ូតូខ្ទាតចេញពីរថយន្តឆេះម៉ូតូខូចខាតទាំងស្រុង រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២២ និង១៥នាទីយប់ លេីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូរបួសធ្ងន់ពុំទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកភាគីខាងរថយន្តម៉ាក.FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-0172 សណ្តោងស៉ឺមីរ៉ឺម៉ក.ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 4A-9044 (អ្នកបើកបររត់គេចខ្លួន)។
ប្រភពដដែលបន្តថា នៅវេលា ថ្ងៃ/ខែ/ឆ្នាំ កេីតហេតុខាងលេី មានរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-0172 សណ្តោងស៉ឺមីរ៉ឺម៉ក.ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 4A-9044 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុ បានបត់ទៅខាងឆ្វេងដៃ(ប្តូរចំណែកផ្លូវក្នុងគោលបំណងទៅទិសខាងជើងវិញ ស្របពេលនោះ ក៏មានម៉ូតូ០១គ្រឿង(មិនទាន់ស្គាល់អត្តសញ្ញាណ) កំពុងបើកបរមកពីទិសខាងជើងដែរនោះ បានមកបុករថយន្តដែលកំពុងបត់នោះតែម្តង ហើយបានអូសម៉ូតូជាប់ក្រោមរថយន្តចំងាយប្រហែលជាងមួយគីឡូម៉ែត្រ ម៉ូតូដែលរថយន្តអូសនោះបានខ្ទាតចេញពីក្រោមរថយន្ត ឆាបឆេះខូចខាតទាំងស្រុង ហើយរថយន្តក៏បានបើកបរបន្តទៅមុខទៀត ទើបបញ្ឈប់រថយន្តចតចោល ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។
ចំពោះអ្នកបើកបរម៉ូតូដែលរងរបួស សមត្ថកិច្ច មិនទាន់ដឹងពីអត្តសញ្ញាណទេ។ចំណែកឯវត្ថុតាងម៉ូតូដែលឆាបឆេះនោះ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន.រីឯរថយន្តបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ។
តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពឧបសគ្គនៅខាងមុខឱ្យបានច្បាស់លាស់៕
ដោយ៖ស្អាង ជ័យ