ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនមេខ្លោងកែច្នៃ និងដឹកជញ្ជូនគ្រឿងញៀនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាមេខ្លោងកែច្នៃដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ខុសច្បាប់ចំនួន៣នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពង់ស្ពឺ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន១-ឈ្មោះ LY PO HAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។ ២-ឈ្មោះ YE YONG អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) និង៣-ឈ្មោះ YE YAN SHOU អាយុ៥៨ឆ្នាំ ជនជាតិចិនសញ្ជាតិខ្មែរ ។

សំណុំរឿងនេះបានស្ថិតនៅដៃលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ បន្ទាប់ពីសាកសួររហូតដល់ព្រលប់បន្តិចថ្ងៃដដែលតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញនិងតម្រូវឱ្យព្រឹកស្អែកនាំទៅសាកសួរបន្ត ដើម្បីរកបទល្មើសសម្រាប់ធ្វើការ ចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើសន្និសីទកាសែតបង្ហាញពីស្នាដៃដ៏ធំធេងក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់មួយនៅខេត្តកំពង់ស្ពឺដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដែលពិធីនេះស្ថិតនៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងនាយករងមួយចំនួនទៀតផងដែរ ។

ពិធីបានបង្ហាញវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១.៤៨៤ គីឡូក្រាមដែលបានរឹបអូសពីទីតាំងកែច្នៃនៅក្នុងក្រុមហ៊ុន(ស៊ីន យិនហ្វេង ខេមបូឌា អុីនដាស់ស្ទ្រី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ដែលករណីនេះមានការឃាត់ខ្លួនមនុស្សជាង១០នាក់ ប៉ុន្តែមាន៤នាក់ជាមេខ្លោងកែច្នៃ ផលិតនិងដឹកជញ្ជូនគ្រឿងញៀន ក្នុងនោះមានម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ខណៈដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច គឺឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។

ពួកគេជាង១០នាក់មិនត្រូវបាននាំមកបង្ហាញខ្លួនទេ សមត្ថកិច្ចកំពុងស្នើសុំស្ថាប័នអយ្យការបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត។ 

ពិធីនេះលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងចំនួន៣ គោលដៅ គឺគោលដៅទី១នៅលើផ្លូវជាតិលេខ៤ ជិតផ្លូវបំបែកស្រែអំបិល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាគោលដៅពួនស្ទាក់ចាប់រថយន្តរបស់ឈ្មួញដឹកគ្រឿងញៀន ដោយមានការផ្ទុះអាវុធស្លាប់ មេខ្លោងគ្រឿងញៀនម្នាក់ ។

គោលដៅទី២គឺឆែកឆេរទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្នុងក្រុមហ៊ុន (ស៊ីន យិនហ្វេង ខេមបូឌា អុីនដាស់ស្ទ្រី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការរឹបអូសគ្រឿងញៀនប្រភេទកេតាមីនជាង២តោន និងសារធាតុគីមីផ្សំចំនួន៨៤តោន ព្រមទាំងឧបករណ៍ផលិត គ្រឿងញៀនមួយចំនួនទៀត ។ គោលដៅទី៣ស្ថិតនៅផ្ទះលេខ ៤០R ផ្លូវR សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

កិច្ចប្រតិបត្តិការនោះធ្វើឡើងកាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយនគរបាលរាជធានី/ខេត្តចំនួន៤ ភ្នំពេញ, កំពង់ស្ពឺ, កោះកុងនិងខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

  នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតគ្រឿងញៀននេះបានប្រើពេលវេលាបើកការស៊ើបអង្កេតអស់រយៈពេល៣ខែទើបឈានដល់ការបង្ក្រាបបានដោយជោគជ័យ ។

លទ្ធផលសរុប៖ ចាប់ដកហូតគ្រឿងញៀន (កេតាមីន)បានចំនួន ២.២៣៧គីឡូក្រាម និងសារធាតុគីមីផ្សំ៨៤តោន ហើយមនុស្ស១០នាក់ បានអនុញ្ញាតឲ្យទៅលំនៅឋានវិញ ចំណែកមេខ្លោង៣នាក់ ដូចមានឈ្មោះខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖