ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២០ខែធ្នូនេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកំពង់ស្ពឺ។

   គួរបញ្ជាក់ថា ហេតុការណ៍នៃការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១  ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤)ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រីចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបនៅចំណុចភូមិសុវណ្ណគិរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ម៉ែន វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចចាប់យកបានវត្ថុតាងមេតំហ្វេតាមីន (ICE)ទម្ងន់ ១.៣៨៥,៤៩ក្រាម។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖