ព័ត៌មានទាន់ហេតុការណ៍៖

វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋនៅអាមេរិក

ចែករំលែក៖

នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋ នៅលើទឹកដីអាមេរិក ក្នុងពេលដែលប្រទេសនេះបានត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២។ មន្ត្រីសុខាភិបាលអាមេរិក បានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលខ្ពស់ ដល់ទៅ៧៣% ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស។
ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងទទួលឆ្នាំថ្មីរបស់ពលរដ្ឋអាមេរិក ។ នៅពេលនេះដែរ អភិបាលរដ្ឋក្រុងវ៉ាស៊ីនតោន លោកស្រី Muriel Bowser នៅថ្ងៃទី ២០ ខែធ្នូបានប្រកាសអាសន្ននៅទីក្រុងនេះដោយមានពលរដ្ឋឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នៅក្នុងទឹកដីសហរដ្ឋអាមេរិករយៈពេល២៤ម៉ោងកន្លងមក គឺមាន មនុស្សសរុប១៤៣,៥៣០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៦២៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។
ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥២,០៥៩,៦៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៨,៨៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៧២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៩៥លានដូស ក្នុងនោះប្រជាជន ២៤១.៥៧លាននាក់បានចាក់១ដូស និង២០២.៣៦លាននាក់បានចាក់គ្រប់ដូស និង ៦០.០៥លាននាក់ បានទទួលការចាក់ដូសជំរុញ៕ ដោយ៖ធីរីណា

ប្រភពរូបថត៖Zing news


ចែករំលែក៖