ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនចាងហ្វាងកាសែត២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន៦០០ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនសង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក បន្ទាប់ពីត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅកាន់តុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈតូតាល់ នៅត្រង់ចំណុចភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។

ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88  ស្នាក់នៅផ្ទះលេខ២៨  ផ្លូវលេខ៨៨  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមាន១-ឈ្មោះ ឆុំ ដានី ភេទប្រុស ជនជាតិខ្មែរ  មុខរបរចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២- ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញូវ  ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងប្រាក់ដុល្លារចំនួន៦០០ដុល្លារអាមេរិក។ 

   បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរ រង់ចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួន ឬឱ្យនៅក្រៅឃុំ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖