កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ អុីស្រាអែលបានប្រកាសថាបានចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងហើយ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានក្តីបារម្ភស្តីពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីមានប្រភពមកពីអាហ្វ្រិក អូមីក្រុង។
គណៈកម្មាធិការសុខាភិបាលអុីស្រាអែលបានប្រកាសថា ការចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រី Naftali Bennett ។ នាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett បានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងរាលដាលនៅជុំវិញពិភពលោក។
នាយករដ្ឋមន្ត្រីអុីស្រាអែល បានអំពាវនាវដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកាន់តែឆាប់កាន់តែល្អ ។ នាយករដ្ឋមន្ត្រី Naftali Bennett បន្តទៀតថា «សាររបស់ខ្ញុំគឺសូមកុំឲ្យខាតពេលវេលា នាំគ្នាទៅចាក់វ៉ាក់សាំង»។
ការសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋគឺក្រោយពេលអុីស្រាអែលមានករណីស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុង ជាលើកដំបូងក្នុងប្រទេសនេះ។ អ្នកស្លាប់គឺជាបុរសវ័យ៦០ឆ្នាំស្លាប់នៅថ្ងៃទី២០ខែធ្នូ ក្រោយពីរសប្តាហ៍ឆ្លងវីរុសអូមីក្រុង ដោយសារតែលោកមានជំងឺប្រចាំកាយផង។
ក្រសួងសុខាភិបាលអុីស្រាអែលបានប្រកាសថា មានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងកើនឡើង៣៤០ នាក់ហើយ ៕
ស្ត្រីម្នាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងក្រុង Katzrin កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ រូបថត៖ Times of Israel
ដោយ៖ធីរីណា(រូបថត៖TTXVN)