ខេត្តព្រះវិហារ ៖ ការដឹកជញ្ជូនឈើរបស់មេឈ្មួញដុះស្លែប្រចាំស្រុកជ័យសែនអស់កាលជាច្រើនឆ្នាំណាស់មកហើយ មិនដែលសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបនោះ ថ្ងៃនេះមិនដឹងថាហេតុអ្វី ទើបសមត្ថកិច្ចបង្ក្រាបបាន ការមិនបង្រ្កាបកន្លងមក រហូតមហាជនដាក់ រហស្សនាមថា ឈ្មួញដឹកឈើជើងខ្លាំងប្រចាំស្រុកជ័យសែន (ធីពុករលួយ) ។
ជាច្រើនឆ្នាំកន្លងមកឈ្មួយឈើឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយឬធីម្រេច តែងតែប្រមូលឈើនៅចំណុចភូមិ ភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិចំរើន នៅក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ ដឹកទាំងថ្ងៃយកទៅលក់ឱ្យតាមដេប៉ូឈើក្នុងខេត្តកំពង់ធំ សមត្ថកិច្ចចំនួន២ស្រុក គឺស្រុកជ័យសែននឹងស្រុករវៀង បានត្រឹមអង្គុយរាប់ក្បាលឡានយកផលប្រយោជន៍ពីមេឈ្មួញឈើឈ្មោះ ព្រុំ វុទ្ឋី ទោះបីមានការរិះគន់បែកផ្សែងពីសំណាក់មហាជនយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនខ្ចីឈឺក្បាលនោះឡើយ ពិសេសបារាស់របស់សមត្ថកិច្ចចម្រុៈនៅព្រំប្រទល់ខេត្តព្រះវិហារនឹងខេត្តកំពង់ធំ ។
មេឈ្មួញរូបនេះតែងតែគំរាមវ៉ៃតប់នឹងជេរបញ្ចោអ្នកកាសែតណាដែលហ៊ានចុះផ្សាយពីការដឹកជញ្ជូនឈើដោយខុសច្បាប់របស់ខ្លួនថែមទៀតផង ។
តាមប្រភពព័ត៌មានមិនផ្លូវការ បានឱ្យដឹងថា មូលហេតុសមត្ថកិច្ចមិនហ៊ានបង្ក្រាបរថយន្តដឹកឈើដោយខុសច្បាប់របស់មេឈ្មួញខាងលើ ដោយសារកន្លងមកសមត្ថកិច្ចរដ្ឋបាលព្រៃឈើធ្លាប់បានបង្ក្រាបរួចម្តងមកហើយ តែត្រូវបានអ្នកធំធ្វើអន្តរាគមន៍ឱ្យដោះលែងវិញ ក្រោយមកទៀតសមត្ថកិច្ចលែងហ៊ានបង្ក្រាបប្រភពមួយទៀតបានអោយដឹងថា ឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយ មានកូនប្រសាធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបមេឈ្មួញរូបនេះ គេហៅធីពុករលួយ ។
ករណីនេះរថយន្តនឹងឈើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ដោយ៖ អ្នកប្រមាញ់