កីឡាករ Eddie Nketiah បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងពានរង្វាន់ League Cup ជាមួយនឹងការស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង ខណៈដែលក្រុម Arsenal បានយកឈ្នះលើក្រុមមកពី League 1 គឺក្រុមSunderland ក្នុងលទ្ធផល ៥ទល់១ ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីនាំមុខក្រុម Sunderland បន្ទាប់ពីការតែតបាល់របស់ Rob Holding ចូលទៅក្នុងប្រអប់គ្រោះថ្នាក់នៅនាទីទី១៧ ហើយ Nicolas Pepe ធ្វើបានល្អដោយរក១គ្រាប់ដែលជាគ្រាប់ទី២នៅនាទីទី២៧។ ទោះបីការប្រកួតមើលទៅក្រុមកាំភ្លើងធំគ្រប់គ្រងបាល់បានតែក្រុម Sunderland ក៏មានឱកាសវាយបកមកវិញ ដោយរកបាន១គ្រាប់ពីកីឡាករ Nathan Broadhead នៅនាទីទី៣១ ធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផល២ទល់១។
ចូលដល់ការប្រកួតតង់ទី២ ខ្សែប្រយុទ្ធ Nketiah បានបង្ហាញទម្រង់លេងដ៏ប៉ិនប្រសប់ ដោយរកបាន២គ្រាប់ជាប់គ្នាគឺនៅនាទីទី៤៩ និងនាទីទី៥៨។ កីឡាករវ័យ២២ឆ្នាំរូបនេះបានជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាពរហូតដល់ចុងក្រោយ ហើយជិតនឹងចប់ការប្រកួតទៅហើយក្នុងម៉ោងបន្ថែមនាទីទី៩០+១ កីឡាករ Pepe បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យកីឡាករ Charlie Patino ស៊ុតបញ្ចូលទីគ្រាប់ទី៥យ៉ាងល្អ។ ការរកគ្រាប់បាល់១គ្រាប់នេះធ្វើឲ្យ Charlie Patino ក្លាយជាកីឡាករដំបូងរបស់ Arsenal ដែលមាន១៨ឆ្នាំនៅកីឡដ្ឋាន Emirates ។
ក្រោយពីជ័យជម្នះនេះក្រុមកាំភ្លើងធំ Arsenal នឹងរកឃើញគូប្រកួតចុងក្រោយរបស់ពួកគេនៅថ្ងៃពុធ នៅពេលដែលការចាប់ឆ្នោតធ្វើឡើងបន្ទាប់ពីក្រុម Tottenham ទទួលភ្ញៀវ West Ham ហើយក្រុមណាឈ្នះនឹងប៉ះក្រុមកាំភ្លើងធំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោក Arteta បានប្រារព្ធខួបគម្រប់ពីរឆ្នាំរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុម Arsenal កាលពីថ្ងៃចន្ទ ខណៈដែលគាត់បានដឹកនាំក្រុមបន្តឈរលេខរៀងទី៤ក្នុងតារាង Premier League រដូវកាលនេះ ហើយបានជួយឲ្យក្រុមនេះឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)