ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះ លោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade)ដែលមកបំពេញបេសកកម្មការទូតប្រចាំនៅកម្ពុជា និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ការទីស្តីការក្រសួងនាព្រឹកថ្ងៃ ថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ 

ថ្លែងក្នុងឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលប្រទេសឥណ្ឌាបានជួយកម្ពុជា តាមរយៈ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវស័យសាសនាជាដើម ។  លោកស្រី ក៏បានកោតសសើរអំពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកស្រី បានបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី ៧០ នៃទំនាក់ទំនងទ្វេរភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន ។ លោកស្រីក៏បានស្នើឲ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូបានបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌានៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ ២០២២ នេះមានកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ ។ 

លោកស្រីកិត្តិសង្គហបណ្ឌិត បានអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក្នុងការបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា និងជូនពរឲ្យលោកស្រីទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែមានភាពជិតស្និត និងមានភាពរីកចម្រើន បន្ថែមទៀត ។ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់មន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនៈកិច្ចខ្លីៗដែលពាក់ព័ន្ធនឹងជំនាញផងដែរ ។ 

ចំណែកសំណើបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា លោកជំទាវកិត្តិសង្គហបណ្ឌិត នឹងជូនដំណឹងទៅលោកជំទាវឯកអគ្គរដ្ឋទូត នូវពេលវេលាដ៏សមស្របណាមួយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖