ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus RX300បុកបញ្ច្រាសគ្នាជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តLexus RX៣០០បានបុកបញ្ច្រាសគ្នាជាមួយម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៩នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ចាន់ ធូ  អាយុ២១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ចំបក់គុយ ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M- ៦៤៨៣ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តម៉ាក Lexus RX ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BF-៨២៧៩នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M- ៦៤៨៣ដោយធ្វើដំណើរលើផ្លូវលេខ ៣១៤ពីកើតទៅលិចមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកជាមួយរថយន្តម៉ាក Lexus RX ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BF-៨២៧៩បើកបរ​ពីលិចទៅកើតបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមកអ្នករបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖