ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាកូនប្រុសចិត្តឃោរឃៅម្នាក់បន្ទាប់ពីបានប្រើហិង្សាបានយកដុំថ្មវាយក្បាលឪពុកបង្កើតបណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគខណៈគ្រាន់តែស្ដីបន្ទោសកុំឱ្យប្រើប្រាស់ថ្នាំញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៧នាទីព្រលប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១នៅត្រង់ចំណុចភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះប្រាក់ ចិត្ត អាយុ៣០ឆ្នាំមុខរបរកសិកររស់នៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ។
ចំណែកឪពុករងគ្រោះមានឈ្មោះប្រាក់ ទិត អាយុ ៥៤ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ដោយរងរបួសត្រូវចំក្បាលជាច្រើនដុំថ្មបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុលឺសំឡេងឪពុកនិងកូនមានជម្លោះពាក្យសំដីយ៉ាងខ្លាំងដោយឃើញកូនសេពគ្រឿងញៀនទើបស្ដីបន្ទោសធ្វើឱ្យជនសង្ស័យខឹងក៏ស្ទុះទាញបានដុំថ្មមកវាយត្រូវចំក្បាលជាច្រើនដុំថ្មបណ្ដាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរ។ រីឯសពឪពុកសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖យឹម សុថាន