ហ្វុីលីពីន៖ រដ្ឋាភិបាលហ្វុីលីពីនបានសម្រេចឈប់ប្រកាសពីតួលេខឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ដើម្បីឆ្ពោះទៅរកការរស់នៅជាមួយកូវីដ-១៩ ហើយចាត់ទុកជំងឺនេះគឺជាជំងឺធម្មតា ដូចជាផ្តាសាយ។
ការសម្រេចខាងលើកើតឡើងក្រោយពេលប្រទេសនេះកំពុងប្រឈមការឆ្លងកូវីដ-១៩លើកទី៤ បង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង។ មន្ត្រីសុខាភិបាលហ្វុីលីពីនបានប្រកាសថា ករណីឆ្លងកូវីដ-១៩ នៅតំបន់ Metro Manila ក្នុងនោះមានទីក្រុងម៉ានីលនិងតំបន់ជិតខាង មានករណីឆ្លងកូវីដ-១៩កើនឡើង អាចបង្កឱ្យមានរលកកូវីដ-១៩លើកទី៤នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន លោក Maria Rosario Vergeire បានលើកឡើងនៅថ្ងៃទី ២៨ខែធ្នូថា កន្លងមករាល់ព័ត៌មានស្តីពីករណីឆ្លងកូវីដ-១៩ ករណីស្លាប់ ករណីចូលពេទ្យដោយឈឺធ្ងន់…នឹងត្រូវប្រកាសនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល។ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២ នឹងមិនមានរបាយការណ៍ស្តីពីការឆ្លងកូវីដ-១៩ ផ្សព្វផ្សាយជាប្រចាំថ្ងៃទៀតឡើយ។
ប្រទេសហ្វុីលីពីន សិង្ហបុរី និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប បានបង្វែរគោលដៅរបស់ខ្លួនសម្រាប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយចាត់ទុកកូវីដ-១៩ គឺជាជំងឺធម្មតា ដូចជាផ្តាសាយ… ដោយឈប់ផ្តោតទៅលើតួលេខនៃការឆ្លងដែលមិននាំមកនូវផលប្រយោជន៍អ្វីឡើយ។
ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ Teo Yik Ying នាយកសាលាពេទ្យ Saw Swee Hock ស្ថិតនៅក្នុងសកលវិទ្យាល័យសិង្ហបុរី បានបញ្ជាក់ថា « តួលេខនៃការឆ្លងទាំងចេញអាការៈ និងមិនចេញអាការៈ បានបង្កផលលំបាកនិងខាតបង់ពេលវេលា ជាកម្មភាពអត់ប្រយោជន៍ឡើយនៅពេលនេះ»។
ប៉ុន្តែសកម្មភាពខាងលើទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកប្រឆាំង ដោយបានលើកឡើងថា ការប្រកាសតួលេខគឺអាចជួយដល់ពលរដ្ឋតាមដានពីចំនួនអ្នកឆ្លងក្នុងប្រទេសថយចុះឬក៏កើនឡើងប្រចាំថ្ងៃ ដើម្បីជួយឱ្យការរស់នៅរបស់ពលរដ្ឋមានភាពជឿជាក់៕ ដោយ៖ធីរីណា
រូបថត៖Reuters