ព័ត៌មានទាន់ហេតុការណ៍៖

យប់ឆ្លងឆ្នាំរបួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាផ្អើលអ្នកធ្វើដំណើរទាំងយប់ក្នុងក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅលើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ខឹម ឌី  អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ ១I-០៧៧៣ខូចខាតទាំងស្រុង។

ចំណែកភាគីរងគ្រោះ មានឈ្មោះសាញ់ ចន្ថា អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៦៧៨៧។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១I-០៧៧៣ដោយធ្វើដំណើរលើផ្លូវលេខ៣១៤ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៦៧៨៧ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះផ្អើលអ្នកធ្វើដំណើរទាំងយប់ក្នុងក្រុងស្វាយរៀង។

ក្រោយកើតហេតុអ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖