ក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ភ្លើងឆេះអគាររដ្ឋសភានៅក្នុងទីក្រុង Cape Town នាថ្ងៃទី២ខែមករាឆ្នាំ២០២២។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ នៅម៉ោងប្រហែលជា៥ព្រឹកថ្ងៃអាទិត្យនេះ ខណៈដែលវីដេអូជាច្រើនត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដោយបង្ហាញពីផ្សែងយ៉ាងក្រាស់ឃ្មឹកលើអាកាសពីអគារសភាជាតិ។
លោក JP Smith សមាជិកគណៈកម្មាធិការទីក្រុង Cape Town ទទួលបន្ទុកសន្តិសុខ សុវត្ថិភាព បានឱ្យដឹងថា កម្លាំងពន្លត់អគ្គិភ័យ៣៦នាក់បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។
អគាររដ្ឋសភាអាហ្វ្រិកខាងត្បូងនៅទីក្រុង Cape Town មាន៣តំបន់ផ្សេងគ្នា ហើយអគារមានអាយុកាលចាស់បំផុតនោះគឺសាងសង់នៅក្នុងឆ្នាំ១៨៨៤ និងអគារថ្មីសាងសង់នៅឆ្នាំ១៩២០ និង១៩៨០ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យឆេះនេះនៅឡើយទេ ៕ដោយ៖ធីរីណា
រូបថត៖mirror.co.uk
រូបថត៖AP