ក្រុមតោខៀវ Chelsea បានគ្រប់គ្រងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ដោយបានយកឈ្នះក្រុម Tottenham Hotspur នាកីឡដ្ឋានទីក្រុងឡុងក្នុងលទ្ធផល ២-០ ក្នុងជើងទី១ ដោយសារការស៊ុតបញ្ចូលទីដំបូងដោយកីឡាករ Kai Havertz និងការស៊ុតបញ្ចូលទីខ្លួនឯងដោយខ្សែការពារក្រុម Spurs កីឡាករ Ben Davies ។
ក្រុមម្ចាស់ផ្ទះតោខៀវបានសម្រុកច្រើនដើម្បីផ្គាប់ចិត្តអ្នកទស្សនារបស់ពួកគេចាប់តាំងពីការប្រកួតក្នុងតង់ទី១ ហើយការប្រកួតចាប់ផ្តើមលេងបានតែ៥នាទី ខ្សែប្រយុទ្ធ Havertz របស់ក្រុម Chelsea បានបំបែករនាំងការការពាររបស់ក្រុម Spurs ស៊ុតបញ្ចូលទីបានសម្រេចនាំមុខ១គ្រាប់។
កន្លះម៉ោងក្រោយមកក្រុមម្ចាស់ផ្ទះ Chelsea មានប្រៀបបានព្យាយាមស៊ុតបញ្ចូលទីគ្រាប់ទី២របស់ពួកគេ បើទោះបីជាមានសំណាងបន្តិចក៏ដោយ។ ប៉ុន្តែត្រូវបានខ្សែការពារ និងអ្នកចាំទីជួយសង្គ្រោះបានជារឿយៗ រហូតដល់នាទីទី៣៤នៅពេលដែលកីឡាករ Japhet Tanganga បានតែតបាល់ហ្វ្រីឃីកសំដៅទៅសំណាញ់ទីរបស់ក្រុម Spurs បាល់ក៏ត្រូវស្មារបស់កីឡាករ Davies ភ្លាត់ស្នៀតចូលទីខ្លួនឯង១គ្រាប់ទៀតតែម្តង។
ជ័យជម្នះរបស់Chelseaនេះបានធ្វើឱ្យមានក្តីសង្ឃឹមរបស់ក្រុម Spurs ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte ក្នុងការឈ្នះពានរង្វាន់League Cup ជាលើកដំបូងចាប់តាំងពីលើកពាន League Cup ក្នុងឆ្នាំ២០០៨អាចនឹងបាត់បង់ ដោយសារការប្រកួតជើងទី២ត្រូវយកឈ្នះយ៉ាងហោចណាស់៣គ្រាប់។
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានស្ដារកំណត់ត្រានៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធRomelu Lukaku សម្រាប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ កាលពីថ្ងៃអាទិត្យជាមួយក្រុម Liverpool ដែលជាការដាក់ទណ្ឌកម្មសម្រាប់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ដោយបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់នៅកីឡដ្ឋាន Stamford Bridge ឡើយ។
លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea មានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ដោយក្រុមទាំង២ (Chelsea និង Spurs) ត្រូវប៉ះគ្នាម្តងទៀតក្នុងជើងទី២ ដែលធ្វើឡើងក្នុងទឹកដីក្រុម Spurs វិញម្តង ដើម្បីស្វែងរកក្រុមដែលឈ្នះ និងមានគ្រាប់បាល់ចំណេញច្រើនជាងគេឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួត១គូទៀតគឺការប្រកួតរវាងក្រុមហង្សក្រហម Liverpool នឹងក្រុមកាំភ្លើងធំ Arsenal ដែលនឹងប៉ះគ្នាសម្រាប់ជើងទី១នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ត្រូវពន្យារពេលដោយសារករណីឆ្លង COVID-19 នៅក្នុងក្លិបហង្សក្រហម។ ក្រុមហង្សក្រហមបានបិទមជ្ឈមណ្ឌលហ្វឹកហាត់ក្រុមដំបូងរបស់ពួកគេជាបណ្តោះអាសន្នកាលពីថ្ងៃពុធ បន្ទាប់ពីជំនួយការអ្នកចាត់ការទូទៅលោក Pep Lijnders បានក្លាយជាមនុស្សចុងក្រោយគេដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកព្រោះតែឆ្លង COVID-19 ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)