ខេត្តបាត់ដំបង ៖ រថយន្តបែនដឹកដី២គ្រឿងបានក្លាយជាចំណីអគ្គីឆាបឆេះស្ទើរគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចវត្តភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរារាយការណ៍ឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ជារថយន្តធុនធំប្រភេទបែនដឹកដីរបស់អង្គភាព ដែលរថយន្ត ទី១ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3.9459 បើកបរដោយឈ្មោះ ប៉ុល ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំបឹងឈូក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ខូចខាតផ្នែកខាងមុខទាំងស្រុង) និងរថយន្តទី០២ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3.2016 បើកបរដោយឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ (ខូចខាតផ្នែកខាងក្បាលប្រហែល 90%)។
លោកអធិការបន្តថា តាមការសាកសួរ ឈ្មោះ ប៉ុល ពន្លឺ បានឲ្យដឹងថា ខ្លួនទើបតែមកបើករថយន្តបានរយៈពេល១៥ថ្ងៃតែប៉ុណ្ណោះ។ នៅល្ងាចមុនពេលកើតហេតុខ្លួនបានយករថយន្តទៅឈប់ចតដាក់ទន្ទឹមគ្នាជាមួយរថយន្តខាងលើក្នុងវត្តបឹងក្រឡ ។ ចំណែកចម្លើយរបស់ឈ្មោះ យ៉ាន់ សុផល បានឲ្យដឹងថា យប់នោះខ្លួននៅដេកក្នុងរថយន្ត ស្រាប់តែនៅម៉ោងប្រហែល ០១រំលងអធ្រាត្រ ខ្លួនបានធុំក្លិនឆ្ងៀមខ្សែភ្លើងឆេះចេញពីរថយន្ត ដែលចតក្បែរនោះនិងរថយន្តរបស់ខ្លួនផងដែរ។ ពេលនោះខ្លួនក៏បានចុះមកពិនពិនិត្យបំភ្លឺភ្លើងពិល ព្រមទាំងបើកទ្វារមើលក្នុងរថយន្តនោះដែរ តែពុំមានភ្លើងឆេះនោះទេ បានន័យថា (ការពិនិត្យមិនបានល្អិតល្អន់ប៉ុន្មាននោះទេ) ទើបខ្លួនក៏បានឡើងដេកក្នុងរថយន្តវិញ។ លុះដល់ម៉ោងប្រហែលប្រហែល ០២និង៣០នាទីអធ្រាត្រ ស្រាប់តែមានធុំក្លិនឆ្ងៀមខ្លាំងឡើងៗ ខ្លួនបានចុះពីលើរថយន្តបានឃើញមានហុយផ្សែងចេញពីក្បាលរថយន្តនោះយ៉ាងខ្លាំង ហើយបានរត់មកហៅអ្នកបើករថយន្តជាមួយគ្នាមកជួយពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០២គ្គ្រឿទើបភ្លើងរលត់។
បើតាមតាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ការឆេះឆាបរថយន្ត២គ្រឿងនេះនេះគឺបណ្ដាលមកពីការឆ្លងចរន្តភ្លើង ព្រោះរថយន្តនេះចាស់ហើយបានតខ្សែភ្លើងរញ៉េរញ៉ៃខ្លាំងណាស់ ។ ជាមួយនេះពេលមានឧបទ្ទវហេតុនេះកើតឡើងអ្នកបើកបររថយន្តមិនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានទេ ដោយសំអាងថា មានឡានទឹកខ្លួនឯងបាញ់ទឹកពន្លត់ខ្លួនឯង។
បច្ចុប្បន្ន រថយន្តឆាបឆេះទាំងពីរគ្រឿងកំពុងរក្សាទុកនៅកន្លែងកើតហេតុរង់ចាំចំណាត់ការពីសាមីអង្គភាពនៅឡើយ៕
ដោយ ៖ ប្រាថ្នា